ភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់និងសមស្រប ដែលអាចប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង សំដៅម៉្យាងអាចឱ្យក្មេងទំនើងបំពេញការងារ ឬធ្វើសកម្មភាពមួយចំនួនដែលគាំទ្រដល់ផលប្រយោជន៍នៅតាមបណ្តោយព្រំដែន និងម៉្យាងទៀត អាចឱ្យក្មេងទំនើងទទួលការអប់រំ កែប្រែ និងស្តារនីតិសម្បទា ដើម្បីធានាការធ្វើសមារហណកម្មចូលមកសង្គមវិញដោយជោគជ័យ និងបានកែប្រែខ្លួនពីក្មេងទំនើងមកជាពលរដ្ឋល្អវិញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕






Leave a Reply